Home » » ឃាតករដ៏ស្ងៀមស្ងាត់ ត្រូវបានលេចខ្លួន នៅប្រទេសកម្ពុជា

ឃាតករដ៏ស្ងៀមស្ងាត់ ត្រូវបានលេចខ្លួន នៅប្រទេសកម្ពុជា

Written By Unknown on Sunday, June 1, 2014 | 9:15 PM

ភ្នំពេញ៖ សិក្ខាសាលាអ្នកជំនាញវេជ្ជសាស្ត្រមួយ ដែលប្រារព្វឡើងកាលពី ដើមខែឧសភាកន្លងទៅនេះ ត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន សាណូហ្វី ជាក្រុមហ៊ុននាំមុខ ផ្នែកថែទំាសុខភាពលើពិភពលោក និងក៏មានការចូលរួមពីសំណាក់ វេជ្ជបណ្ឌិតប្រមាណ ២០០នាក់មកពី មន្ទីរពេទ្យ និងគ្លីនិកនានាក្នុងរាជធានីនិងខេត្តកណ្តាល បានចូលរួមនៅក្នុងសិក្ខាសាលាក្រោមប្រធានបទរួម "បច្ចុប្បន្នភាពនៃការគ្រប់គ្រង ព្យាបាលជំងឺលើសសម្ពាធឈាម" ។
ជារៀងរាល់ឆ្នាំ ប្រជាជនកម្ពុជាម្នាក់ក្នុងចំណោម ៥នាក់បានស្លាប់ដោយសារជំងឺបេះដូងនិងសរសៃឈាម ទោះបីជាជំងឺនេះមានភាពសាមញ្ញ ក្នុងការធ្វើរោគវិនិច្ឆ័យនិងព្យាបាល ប្រជាជនកម្ពុជាអាចកាត់បន្ថយ ឱកាសនៃការមានជំងឺលើសឈាម ដោយការគ្រប់គ្រងរបបអាហារ ដែលមានសុខភាពល្អ និងការធ្វើលំហាត់ប្រាណជាប្រចាំ។
លោកវេជ្ជបណ្ឌិត លឹម ហ៊ុយ ប្រធានផ្នែកវេជ្ជសាស្ត្ររបស់ក្រុមហ៊ុនសាណូហ្វីកម្ពុជា មានប្រសាសន៍ថា ការពិនិត្យសម្ពាធឈាមមានភាពរហ័ស និងងាយស្រួលបំផុត។ ប្រសិនជាសម្ពាធឈាមរបស់មនុស្សស្ថិតនៅកម្រិតធម្មតា (120/80 មីលីម៉ែត្របារត) មានន័យថាពួកគាត់មានសុខភាពល្អ ប៉ុន្តែប្រសិនបើសម្ពាធឈាមកើនឡើងលើសពី 140/90មីលីម៉ែត្របារត មានន័យថាពួកគាត់អាចនឹងត្រូវធ្វើការព្យាបាល។
លោកបានបន្តទៀតថា ជារៀងរាល់ឆ្នាំ ប្រជាជនកម្ពុជាម្នាក់ក្នុងចំណោម ៥នាក់ បានស្លាប់ដោយសារជំងឺបេះដូងនិងសរសៃឈាមដែល បណ្តាលមកពីជំងឺលើសសម្ពាធឈាម។ គេនិយាយថាជំងឺនេះជាឃាតករដ៏ ស្ងៀមស្ងាត់ ព្រោះថាវាមិនបានស្តែងចេញជា រោគសញ្ញាពិតប្រាកដណាមួយ ដែលជាហេតុធ្វើឲ្យយើងមិនបានចាប់អារម្មណ៍ថាមានជំងឺនេះ។ ប៉ុន្តែជំងឺលើសសម្ពាធឈាមធ្ងន់ធ្ងរ អាចស្តែងចេញជារោគសញ្ញាដូចជា ឈឺក្បាល ងងុយគេង ញ័រទ្រូង ស្រវាំងភ្នែក វិលមុខ ធីងធោង ភាន់ភាំង ហ៊ឹងត្រចៀក ពិបាកដកដង្ហើម ចង្វាក់បេះដូងមិនប្រក្រតី ដែលអាចឈានដល់សន្លប់បាត់ស្មារតី។
ចំពោះមនុស្សដែលលើសទម្ងន់ ទទួលទានអាហារមានជាតិអំបិលច្រើន មិនសូវធ្វើលំហាត់ប្រាណ ជក់បារី និងពិសារគ្រឿងស្រវឹង មានអត្រាគ្រោះថ្នាក់ខ្ពស់ដោយសារជំងឺលើសឈាមច្រើន និងអាចបង្កគ្រោះថ្នាក់ឲ្យមានជំងឺបេះដូង ដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺខូចតម្រងនោម និងពិការភ្នែក។
ដើម្បីធ្វើការទប់ស្កាត់ជំងឺលើសសម្ពាធឈាម អ្នកគួរធ្វើលំហាត់ប្រាណ កាត់បន្ថយជាតិប្រៃក្នុងចំណីអាហារ ឈប់ជក់បារី និងកម្រិតការពិសារគ្រឿងស្រវឹង។ ប៉ុន្តែត្រូវកត់សម្គាល់ផងដែរថា មនុស្សគ្រប់រូបសុទ្ធតែអាចមានជំងឺលើសឈាម ជាពិសេសអ្នកដែលមានអាយុលើសពី៥៥ឆ្នាំ និងមនុស្សក្នុងគ្រួសារធ្លាប់មានអ្នកមានជំងឺលើសសម្ពាធឈាម។
តែទោះជាយ៉ាងណា ជំងឺលើសសម្ពាធឈាមមានភាពងាយស្រួលក្នុងការធ្វើរោគវិនិច្ឆ័យនិងព្យាបាល ប៉ុន្តែវេជ្ជបណ្ឌិតបានណែនាំឲ្យប្រជាជនគួរទៅជួបពិគ្រោះជាមួយនឹងគ្រូពេទ្យ។
 លោក បានបន្ថែមទៀតថា "គ្រូពេទ្យនឹងធ្វើការវាស់សម្ពាធឈាមរបស់អ្នក និងប្រសិនបើចាំបាច់ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជា ឲ្យប្រើថ្នាំសម្រាប់គ្រប់គ្រងព្យាបាលជំងឺនេះ"។
 ឱកាសនៃការប្រឈមកើតមានជំងឺលើសសម្ពាធឈាម នៅពេលដែលអ្នក
 . លើសទម្ងន់
. ទទួលទានអាហារមានជាតិប្រៃខ្លាំង
. មិនធ្វើលំហាត់ប្រាណទៀងទាត់
. ជក់បារី
. ពិសារគ្រឿងស្រវឹងច្រើន
 តើខ្ញុំអាចគ្រប់គ្រងជំងឺលើសសម្ពាធឈាមរបស់ខ្ញុំដោយរបៀបណា?
. ត្រួតពិនិត្យលើសម្ពាធឈាមរបស់អ្នកជាប្រចាំ
. ទទួលទានថ្នាំគ្រប់គ្រងសម្ពាធឈាមជារៀងរាល់ថ្ងៃ ប្រសិនបើចាំបាច់
. ហាត់ប្រាណជាប្រចាំ
. ទទួលទានអាហារមានជាតិប្រៃតិច
. បញ្ចុះទម្ងន់ ឬរក្សាទម្ងន់ត្រឹមកម្រិតដែលមានសុខភាពល្អ
. មិនជក់បារី
.កម្រិតការពិសារគ្រឿងស្រវឹង
. ពិគ្រោះជាមួយគ្រូពេទ្យឲ្យបានទៀងទាត់ពីសម្ពាធឈាម
 ស្វែងយល់ពីសម្ពាធឈាមរបស់អ្នក៖ តើលេខមានន័យយ៉ាងដូចម្តេច?
. នៅពេលដែលអ្នកវាស់សម្ពាធឈាម គ្រូពេទ្យនឹងប្រាប់អ្នកនូវលេខចំនួនពីរ ដូចជា120/80។ លេខទាំងពីរនេះមានសារៈសំខាន់ណាស់។
. លេខទីមួយ ជាសម្ពាធឈាមរបស់អ្នកនៅពេលដែលបេះដូងលោត (ស៊ីស្តូលិក) និងលេខទីពីរ ជាសម្ពាធឈាមនៅពេលដែលបេះដូងសម្រាក (ឌីយ៉ាស្តូលិក)។
. សម្ពាធឈាមរបស់អ្នកឡើងចុះនៅក្នុងមួយថ្ងៃៗ អាស្រ័យទៅលើសកម្មភាពរបស់អ្នក។ បើសម្ពាធឈាមឡើងបន្តិចបន្តួច វាជាការធម្មតា ប៉ុន្តែបើសម្ពាធឈាមនៅតែកើនឡើងកាន់តែខ្ពស់មិនធ្លាក់ចុះវិញ អត្រាគ្រោះថ្នាក់នឹងមានកាន់តែច្រើន។
. បើសិនជាសម្ពាធឈាមរបស់អ្នកមានការកើនឡើងជាប្រចាំលើសពី 140/90 អ្នកអាចនឹងត្រូវធ្វើការការព្យាបាល។
. បើសិនជាសម្ពាធឈាមរបស់អ្នកមានការកើនឡើងលើសពី 120/80 ហើយអ្នកមានបញ្ហាប្រឈមផ្សេងៗដូចជា ជំងឺទឹកនោមផ្នែក អ្នកអាចនឹងត្រូវធ្វើការព្យាបាល។
តើការព្យាបាលជំងឺលើសសម្ពាធឈាមតាមរបៀបណា?
អ្នកជំងឺអាចទទួលទានថ្នាំជារៀងរាល់ថ្ងៃដើម្បីគ្រប់គ្រងសម្ពាធឈាមរបស់អ្នក។ មានតែគ្រូពេទ្យទេ ដែលអាចបញ្ជាក់ថា អ្នកត្រូវការថ្នាំដើម្បីទទួលទានឬអត់៕

ប្រភព:lookingtoday

0 comments:

Post a Comment